នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមន្នី បានឧបត្ថម្ភ ឯកសណ្ឋានគ្រូបង្រៀន ជូនបុគ្គលិកអប់រំ ក្នុងខេត្តព្រះសីហនុ ក្នុងម្នាក់ទទួលបានអាវ១ តាមរយៈឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រារព្វពិធីក្រោមអធិបតីភាព លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះជួយវិស័យអប់រំ ខេត្តព្រះសីហនុ។
ឯកសណ្ឋានបានប្រគល់ជូនដល់ បុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលក្រុងព្រះសីហនុ និងសាលាបឋមសិក្សាអនុវត្ត សរុបចំនួន ១៦៦នាក់ ស្រី ៤០នាក់។
ពិធីសំណេះសំណាលបានប្រព្រឹត្តទៅ នៅសាលប្រជុំធំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូសរុបចំនួន ១១៦នាក់ ស្រី ៤០នាក់ ។
នៅក្នុងឱកាសនេះ លោកជំទាវ ឃុន រចនា បានលើកឡើងពីចំណុចសំខាន់ដូចតទៅ៖
លោកជំទាវថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ ពីសុខទុក្ខពលរដ្ឋ និងបុគ្គលិកអប់រំឱ្យបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លោកជំទាវបានគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ជាពិសេស លោកជំទាវ បាន អបអរសាទរ សមិទ្ធផលថ្មី បណ្ណាល័យស្តង់ដាដំបូងគេ នៅកម្ពុជា នៅសាលាបឋម-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រោមការឧបត្ថម្ភពីសំណាក់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូអមរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម សុខ គាង ប្រធានក្រុមការងារជួយវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនជាច្រើនទៀត ។
ក្នុងពិធីនោះផងដែរ លោកជំទាវ ឃុន រចនា បានផ្តល់ជូននូវអនុសាសន៍ ចំនួន ៣ចំណុច ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំយកទៅអនុវត្តរួមមាន៖ រក្សាសមិទ្ធផលនានាដេលបានកសាងឱ្យមានភាពរឹងមាំឱ្យបានយូរអង្វែង បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តវិធានការសុខាភិបាល បីកុំ បីការពារ និងជំរុញបុគ្គលិកអប់រំឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា។